គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

តែកញ្ចុំផ្កាម្រេចម៉ាក Kirum ទទួលបានវិញ្ញាបនបត្រប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា

កាលបរិច្ឆេទ: ១០ ឧសភា ២០២៣

ក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោកដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ មេសា កន្លងទៅនេះ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ជាស្ថាបនិក​ និងប្រធានអគ្គនាយក​ក្រុមហ៊ុនខនហ្វីរេលបានទទួលផ្ទាល់ដៃពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនូវវិញ្ញាបនបត្រថ្នាក់ជាតិសម្រាប់តែកញ្ចុំផ្កាម្រេចដែលចេញដោយក្រសួងឧស្សាហកម្ម។

វិញ្ញាបនបត្រសម្រាប់គំនិតច្នៃប្រឌិតរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង គឺជាការទទួលស្គាល់គុណប្រយោជន៍ក្នុងការបំបាត់ជាតិពុលរបស់តែកញ្ចុំផ្កាម្រេច ហើយវិញ្ញាបនបត្រនេះទៀតសោតក៏ជួយការពារទាំងរូបមន្តផលិតផល​ ទាំងវិធីផលិត និងការវេចខ្ចប់ផងដែរ។ ការទទួលបានវិញ្ញាបនបត្រថ្នាក់ជាតិកើតឡើងក្នុងខណៈពេលដែលផលិតផលមួយនេះបានទទួលវិញ្ញាបនបត្រថ្នាក់អន្តរជាតិជាច្រើនផងដែរ។

វិញ្ញាបនបត្រទីមួយត្រូវបានផ្តល់កាលពីឆ្នាំ២០២០ដោយវិទ្យាស្ថានជាតិនៃកម្មសិទ្ធិឧស្សាហកម្មបារាំង ដែលការចុះឈ្មោះជាផ្លូវការសុំវិញ្ញាបនបត្រត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៧។ ការចុះឈ្មោះសុំវិញ្ញាបនបត្រនេះក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសមួយចំនួន។ បើគិតរហូតមកទល់ពេលនេះ តែកញ្ចុំផ្កាម្រេចម៉ាក Kirum ត្រូវបានទទួលស្គាល់ និងការពារនៅប្រទេសជាងម្ភៃក្នុងនោះមាន ប្រទេសប្រេស៊ីល ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសហគមន៍អឺរ៉ុប។ តែកញ្ចុំផ្កាម្រេចម៉ាក Kirum គឺជាផលិតផលខ្មែរទីមួយ និងតែមួយគត់ដែលទទួលបានវិញ្ញាបនបត្រអន្តរជាតិ។

ក្រោយពីទទួលបានវិញ្ញាបនបត្រ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បាន អធិប្បាយយ៉ាងដូច្នេះ៖ «វិញ្ញាបនបត្រនេះគឺផ្តល់តម្លៃដល់ផលិតផលរបស់យើង ព្រោះជាការបញ្ជាក់ពីគំនិតច្នៃប្រឌិតពិតៗ។ លើសពីនេះទៅទៀត វាជួយការពារផលប្រយោជន៍ពាណិជ្ជកម្មរបស់យើង និងជួយលើកតម្កើងកេរ្តិ៍ឈ្មោះ និងបេតិកភណ្ឌរបស់ដូនតា ព្រោះថារាល់ផលិតផលទាំងអស់របស់ក្រុមហ៊ុនខនហ្វីរេលគឺជាកេរតំណែលដែលបន្សល់ទុកដោយដូនតាយើង»។

ក្នុងឱកាសនោះផងដែរ លោកឧកញ៉ាឱសថបណ្ឌិតក៏បានទទួលប័ណ្ណសរសើរសម្រាប់ការចូលរួមលើកកម្ពស់ផលិតផលសម្គាល់ភូមិសាស្រ្តខ្មែរ ជាពិសេសគឺផលិតផលម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺដែលជាផលិតផលឈានមុខគេរបស់ក្រុមហ៊ុនខនហ្វីរេល៕